ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញប្រគល់ផ្ទះមួយខ្នងជូនដល់ដូនចាស់ជរាគ្មានទីពឹង ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវជាទីប្រឹក្សា បានអញ្ជើញប្រគល់ផ្ទះថ្មមួយខ្នងជូនដូនចាស់ជរាដែលមានជីវភាពខ្សត់ខ្សោយ គ្មានទីពឹងឈ្មោះ អុត អេន អាយុ ៨៣ឆ្នាំ រស់នៅភូមិកោះខ្ជាយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

លោកយាយ អុត អេន មានក្តីរំភើបឥតឧបមានៅពេលទទួលបានផ្ទះមួយខ្នងដ៏ស្រស់ស្អាតនេះ លោកយាយបញ្ជាក់ទាំងក្តីរំភើបថា នេះពិតជាសំណាងរបស់លោកយាយណាស់ដែលនៅក្នុងជីវិតរបស់លោកយាយមិនមានក្តីប្រាថ្នានឹងមានផ្ទះល្អស្អាតបែបនេះរស់នៅឡើយ។ លោកយាយបានថ្លែងអំណរគុណជ្រាលជ្រៅបំផុតជូន ឯកឧត្តម វង សូត និងលោកជំទាវ ដែលមានសន្ធាជ្រះថ្លាយ៉ាងធំធេង ផ្តល់អំណោយដ៏វិសេសវិសាលជូនលោកយាយនាឱកាសនេះ។

ផ្ទះថ្មមួយខ្នងដែលជាអំណោយរបស់ឯកឧត្តម វង សូត និងលោកជំទាវ បានប្រគល់ជូនលោកយាយ អុត អេន នាឱកាសនេះ គឺបានសាងសង់អស់ថវិកា២០លានរៀល មានទទឹង៤ម៉ែត្រកន្លះ និងបណ្តោយ៨ម៉ែត្រកន្លះ ដោយមានកំពាក់អំពូលភ្លើងសូឡាផងដែរ។

ក្រោយពីប្រគល់ផ្ទះជូនលោកយាយ អុត អេន រួចមក ឯកឧត្តម វង សូត បានជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបានពាំនាំការផ្តាំផ្ញើសាកសួរសុខពីថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តជូនដល់លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំប្រទេសជាតិឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែរីកចម្រើនទៅមុខទៀត។ ឯកឧត្តម វង សូត និងលោកជំទាវ បានជូនដល់លោកយាយបីនាក់ដែលពុំទទួលបានផ្ទះ និងជីវភាពខ្សត់ខ្សោយទទួលបានឃីតមួយកញ្ចប់ថវិកា២០ម៉ឺនរៀល លោកយា លោកតា បងប្អូនប្រជាពលរដ្ឋដែលមកចូលរួមក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ ថវិកា៣ម៉ឺនរៀល។

បន្ទាប់មកឯកឧត្តម វង សូត និងលោកជំទាវព្រមទាំងឯកឧត្តម លោកជំទាវជាទីប្រឹក្សា បានបន្តចុះពិនិត្យមើលសាលារៀនជាច ដោយសាលារៀនជាច ជាកន្លែងដែលឯកឧត្តមធ្លាប់សិក្សាកាលពីកុមារភាព និងក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តម បានផ្តួចផ្តើមកសាងអគារសិក្សាថ្មី៕FB_IMG_1698715598611 FB_IMG_1698715613941 FB_IMG_1698715601641 FB_IMG_1698715595821 FB_IMG_1698715593098 FB_IMG_1698715628953 FB_IMG_1698715654735 FB_IMG_1698715667783

You might like